ទីបួនៈ អល់ឡោះជាម្ចាស់ទ្រង់រីករាយបំផុតចំពោះការតាវហ្ពាត់(សារភាពកំហុស)របស់អ្នក ហើយទ្រង់ទទួលយកនូវការសារភាពកំហុសរបស់អ្នក ទោះបីជាអ្នកឃ្លាតឆ្ងាយពីទ្រង់ដោយសារតែបាបកម្មដ៏ច្រើនលើសលប់របស់អ្នកក៏ដោយ។ ដូចនេះ អ្នកមិនត្រូវគិតថា ទ្រង់មិនទទួលយកនូវការបួងសួងរបស់អ្នក ឬមានការអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់ទ្រង់នោះឡើយ។ ផ្ទុយទៅវិញ អ្នកត្រូវគិតដល់ភាពរីករាយរបស់ទ្រង់ចំពោះការសារភាពកំហុសរបស់អ្នក និងការទទួលយកនូវការសារភាពកំហុសរបស់ទ្រង់អំពីអ្នក(ទ្រង់ជាអ្នកដែលមហាមានលើសលប់មិនត្រូវការអ្នកឡើយ)។ ត្រូវគិតដល់បន្ទូលរបស់ទ្រង់៖
﴿ إِنَّ اللَّهَ يَغْفِرُ الذُّنُوبَ جَمِيعًا ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ ﴾ سورة الزمر: 53
មានន័យថាៈ “ពិតប្រាកដណាស់ អល់ឡោះនឹងអភ័យទោសនូវរាល់ទោសកំហុសទាំងអស់”។
និងបន្ទូលរបស់ទ្រង់ ៖
﴿ وَإِذَا سَأَلَكَ عِبَادِي عَنِّي فَإِنِّي قَرِيبٌ ۖ أُجِيبُ دَعْوَةَ الدَّاعِ إِذَا دَعَانِ ﴾ سورة البقرة :186
មានន័យថាៈ “ហើយនៅពេលខ្ញុំរបស់យើងសួរអ្នក(មូហាំម៉ាត់)អំពីយើង (ចូរអ្នកឆ្លើយថា) ពិតប្រាកដណាស់ យើងនៅជិតបំផុត(ដឹង ឮ ឃើញ ...)។ យើងទទួលយកការបួងសួងសុំរបស់អ្នកដែលទទូចសុំនៅពេលដែលគេបានបួងសួងសុំពីយើង”។