តទៅនេះគឺជាលក្ខខណ្ឌ និងបម្រុងប្រយ័ត្នមួយចំនួនដែលត្រូវចិត្តយកចិត្តទុកដាក់នៅក្នុងការស្តោះផ្លុំ ដែលមានដូចជា ៖
១. ការស្តោះផ្លុំនោះ គឺត្រូវតែជាការស្តោះផ្លុំដែលត្រឹមត្រូវពីគួរអាន និងស៊ុណ្ណះ ចាកឆ្ងាយពីប្រការស្ហ៊ីរិក និងប្រការបង្កើតថ្មីដែលគេហាមឃាត់ មិនថានៅក្នុងវិធីសាស្រ្តឬរបៀបនៃការស្តោះផ្លុំ ឬនៅក្នុងពាក្យសម្តីដែលប្រើក្នុងការស្តោះផ្លុំនោះ។
២. ជនមូស្លីមត្រូវតែផ្សាភ្ជាប់ខ្លួននឹងម្ចាស់របស់គេ និងត្រូវប្រគល់ខ្លួនចំពោះទ្រង់ ហើយត្រូវដឹងថា ជាការពិតណាស់ ការស្តោះផ្លុំនេះ គឺគ្រាន់តែជាមូលហេតុ(ដែលអាចធ្វើឲ្យជាសះស្បើយ)ប៉ុណ្ណោះ ដែលវាគ្មានឥទ្ធិពលអ្វីអាចឲ្យរូបគេជាសះស្បើយបានឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។
៣. មិនត្រូវធ្វើការស្តោះផ្លុំដើម្បីគ្រាន់តែជាការសាកល្បងនោះទេ ផ្ទុយទៅវិញ ចាំបាច់ត្រូវមានជំនឿចំពោះឥទ្ធិពល ឬក៏ប្រសិទ្ធភាពរបស់វា។ ដូច្នេះ ទាំងអ្នកដែលឲ្យគេស្តោះ និងអ្នកដែលស្តោះឲ្យគេត្រូវមានជំនឿចំពោះប្រសិទ្ធភាពនៃការស្តោះផ្លុំនេះ និងការជាសះស្បើយដោយការស្តោះផ្លុំនេះ។
៤. រាល់អាយ៉ាត់នៃគម្ពីរគួរអានទាំងអស់ គឺសុទ្ធតែអាចព្យាបាលបាន។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖
﴿وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِلْمُؤْمِنِينَ﴾ سورة الإسراء:82
មានន័យថាៈ “ហើយយើងបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាការព្យាបាល ហើយជាការប្រោសប្រណីសម្រាប់បណ្ដាអ្នកដែលមានជំនឿ”។
គ្រាន់តែការស្តោះផ្លុំតាមអ្វីដែលមានលំអានពីក្នុងស៊ុណ្ណះមក គឺវាល្អប្រសើរជាង។
៤. ចំពោះអ្នកជំងឺ ជាការប្រសើរត្រូវស្តោះផ្លុំដោយខ្លួនឯង ព្រោះការធ្វើដូចនេះ អាចមានប្រសិទ្ធភាពច្រើនជាង ហើយការធ្វើដូចនេះ ក៏ជាការបង្ហាញនូវភាពខ្វះខាត ឬតម្រូវការរបស់គេទៅកាន់ម្ចាស់របស់គេដោយភាពស្មោះសផងដែរ ពីព្រោះ ការផ្តោតអារម្មណ៍ និងការនៀតដោយចិត្តស្មោះស និងជ្រះថ្លាចំពោះអល់ឡោះជាម្ចាស់នោះ គឺវាមានឥទ្ធិពលចំពោះការស្តោះផ្លុំនេះ។